លើកកម្ពស់ផលិតផលក្នុងស្រុក និងពង្រឹងសមត្ថភាពសហគ្រាសធុនតូច និងមធ្យម – សហគ្រិនខ្មែរ និងផ្សារអ៊ីអន រៀបចំពិព័រណ៍ផលិតផលក្នុងស្រុក

ចែករំលែក:

គាំទ្រផលិតផលខ្មែរ ថែសេដ្ឋកិច្ចជាតិ!

សហគ្រិនខ្មែរ ក្នុងកិច្ចសហការជាមួយផ្សារអ៉ីអន មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសរៀបចំ ពិព័រណ៍ផលិតផលក្នុងស្រុក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ខែឧសភា ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ នៅផ្សារអ៊ីអន សាខាភ្នំពេញ សែនសុខ និងមានជ័យ។ ព្រឹត្តិការណ៍រយៈពេលពីរសប្តាហ៍នេះ ផ្ដោតលើការបង្ហាញ និងផ្សព្វផ្សាយផលិតផលកម្ពុជាដែលមានគុណភាពខ្ពស់ ដោយមានម៉ាកថ្មីៗជាច្រើន ប្រភេទ ចាប់ពីផលិតផលស្រស់ៗ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ រហូតដល់ទំនិញវេចខ្ចប់ និងមុខម្ហូប ពិសេសក្នុងស្រុក។

ពិព័រណ៍​ឆ្នាំនេះ​ក៏ស្វាគមន៍​​សហគ្រាស​ធុនតូច និងមធ្យម​ថ្មីមួយ​ក្រុម ​ដែល​បាន​ចូលរួម​តាមរយៈ​កម្មវិធី​ផ្សារ​ភ្ជាប់​ទីផ្សារ​ ដោយ​ទទួលបាន​ការគាំទ្រ​ពីសហគ្រិនខ្មែរ ដើម្បី​បំពេញតាម​ស្តង់ដារ​អនុលោមភាព និង​គុណភាព​របស់​ផ្សារអ៊ីអន។ នេះ​ជា​ឆ្នាំ​ទីប្រាំមួយ​ហើយ​ចាប់តាំងពី​ការបង្កើតឡើង​ក្នុង​ឆ្នាំ២០២១ នូវភាពជាដៃគូ​ជាបន្តបន្ទាប់​រវាង​សហគ្រិន​ខ្មែរ និង​ផ្សារអ៊ីអន ដែល​ឆ្លុះបញ្ចាំង​ពី​ការប្តេជ្ញាចិត្ត​រួមគ្នា​​ក្នុង​ការគាំទ្រ​សហគ្រាស​ធុនតូច និងមធ្យម​ និង​ស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ​ក្នុងការ​ពង្រឹង​ទីផ្សារ​ក្នុងស្រុក​តាមរយៈ​ការផ្សព្វផ្សាយ​ទំនិញ​ក្នុងស្រុក។

ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិ នៃសហគ្រិនខ្មែរ បានមានប្រសាសន៍ថា៖ សហគ្រិនខ្មែរគាំទ្រសហគ្រាសធុនតូច និងមធ្យមមិនត្រឹមតែលើការកសាងសមត្ថភាព និងការផ្តល់ហិរញ្ញប្បទានឥតសំណងនោះទេ។ កម្មវិធីទាំងនោះបានភ្ជាប់អាជីវកម្មទៅបណ្តាញចែកចាយជាមួយផ្សារទំនើប និងប្រតិបត្តិករទីផ្សារធំៗ។ ពិព័រណ៍ផលិតផលក្នុងស្រុកជាមួយផ្សារអុីអននេះ បង្ហាញពីការប្ដេជ្ញាចិត្ដរបស់រដ្ឋាភិបាលក្នុងការគាំទ្រ និងពង្រឹងសហគ្រាសធុនតូច និងមធ្យម។

លោក ស៊ិន ពិសី អគ្គនាយកក្រុមហ៊ុន អ៊ីអន (ខេមបូឌា) បានមានប្រសាសន៌ថា៖ ពិព័រណ៍ផលិតផលក្នុងស្រុកមានតួនាទីសំខាន់ក្នុងការពង្រឹងផលិតកម្មក្នុងស្រុក តាមរយៈការលើកទឹកចិត្ត អ្នកប្រើប្រាស់ឱ្យបន្តគាំទ្រអាជីវកម្មក្នុងស្រុក។ ជាមួយនឹងការកើនឡើងនៃតម្រូវការទំនិញក្នុងស្រុកប្រកបដោយគុណភាព ជាក់ស្ដែងពីមួយឆ្នាំទៅមួយឆ្នាំសន្ទុះនៃការគាំទ្រផលិតផលខ្មែរកាន់តែកើនឡើងយ៉ាងខ្លំាងក្លា។​ លោកបានបន្តទៀតថា យើងមានមោទនភាពក្នុងការចូលរួមជាចំណែកក្នុងការគាំទ្រ ក៏ដូចជាការផ្តល់នូវទីតាំងមួយដែលមានការតាំងលក់ផលិតផលក្នុងស្រុកជាច្រើនដើម្បីឲ្យអតិថិជនគ្រប់រូបបានស្គាល់ និងប្រើប្រាស់កាន់តែទូលំទូលាយ។ ពិព័រណ៍នេះឆ្លុះបញ្ចាំងពីភាពរឹងមាំ ភាពច្នៃប្រឌិត និងភាពរីកចម្រើននៃផលិតផលក្នុងស្រុក ក្នុងទីផ្សារទំនើប។

លោក គីមូរ៉ា អេអ៊ីស៊ុគេ អគ្គនាយកអធិការរបស់ ក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) មានប្រសាសន៍ថា៖ អ៊ីអន ម៉ល (ខេមបូឌា) ប្តេជ្ញាចិត្តគាំទ្រសហគ្រាសធុនតូច និងមធ្យមក្នុងស្រុក ដោយបង្កើតឱកាសអាជីវកម្មបន្ថែមតាមរយៈកម្មវិធីដូចជាពិព័រណ៍ផលិតផលក្នុងស្រុកនេះ។ កម្មវិធីនេះជួយផ្សារភ្ជាប់ទីផ្សារកម្ពុជាជាមួយអតិថិជនកាន់តែច្រើន លើកកម្ពស់ផលិតផលក្នុងស្រុក និងគាំទ្រដល់ការរីកចម្រើនប្រកបដោយចីរភាពរបស់អាជីវកម្មក្នុងស្រុក។ ជាមួយនឹងនេះ វាក៏ជួយបង្កើនបទពិសោធន៍នៃការទិញទំនិញ ដោយផ្តល់ជូនអតិថិជននូវជម្រើសផលិតផលដែលមានគុណភាព និងសម្បូរបែបកាន់តែច្រើន។

សូមសាធារណជនអញ្ជើញមកទស្សនាពិព័រណ៍ផលិតផលក្នុងស្រុក និងស្វែងរកផលិតផលកម្ពុជាដែលមានគុណភាពខ្ពស់ជាច្រើនប្រភេទ ចាប់ពីបន្លែស្រស់ៗ ផលិតផលទឹកដោះគោ និងអង្ករ រហូតដល់វត្ថុអនុស្សាវរីយ៍ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ។ អ្នកចូលរួមក៏អាចរីករាយជាមួយការបញ្ចុះតម្លៃផ្តាច់មុខ និងមានឱកាសឈ្នះរង្វាន់គួរឱ្យរំភើប ជាមួយនឹងការទិញទំនិញនីមួយៗចាប់ពី ១៥ ដុល្លារ ឬច្រើន ជាងនេះ។