សហគ្រិនខ្មែរ និងផ្សារអ៉ីអន រៀបចំពិព័រណ័ផលិតផលក្នុងស្រុក

ចែករំលែក:

គាំទ្រផលិតផលខ្មែរ ថែសេដ្ឋកិច្ចជាតិ!សហគ្រិនខ្មែរ និងផ្សារអ៉ីអន មានសេចក្ដីសោមនស្សរីករាយ  ក្នុងការប្រកាសពីការរៀបចំពិព័រណ៍ផលិតផលក្នុង ស្រុក ចាប់ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥ នៅសាខាទាំងបី រួមមានផ្សារអ៉ីអនភ្នំពេញ, សែនសុខ និងមានជ័យ។ 

ពិព័រណ៍ដែលមានរយៈពេលពីរសប្តាហ៍នេះមានគោលបំណងជួយលើកកម្ពស់ផលិត ផលក្នុងស្រុកលើកកម្ពស់ជីវភាពរបស់ប្រជាកសិករក្នុងស្រុកនិងបើកឱកាសទីផ្សារថ្មីៗសម្រាប់ផលិតផលក្នុងស្រុក​ទាំងនៅក្នុងតំបន់ និងនៅក្រៅតំបន់។ នេះគឺជាលើកទី៩​ ហើយដែលសហគ្រិនខ្មែរ និងផ្សារទំនើបអ៉ីអនបាន សហការគ្នា ដើម្បីផ្សព្វផ្សាយផលិតផល និងសហគ្រាសធុនតូចនិងមធ្យមក្នុងស្រុក ដែលស្របទៅតាមគោល នយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់ផលិតផលក្នុងស្រុកនៅលើទីផ្សារឲ្យកាន់តែទូលំទូលាយ។

ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួកបន្ទុកជានាយកប្រតិបត្តិនៃសហគ្រិនខ្មែរ បានមានប្រសាសន៍ថា៖ “ការលើកកម្ពស់លទ្ធភាពទទួលបានទីផ្សារសម្រាប់សហគ្រាសធុនតូចនិងមធ្យមតាមរយៈ ដៃគូក្នុងតំបន់ និងបណ្តាញអន្តរជាតិជាការងារអាទិភាពមួយ ក្នុងចំណោមការងារចំបងផ្សេងទៀតរបស់ សហគ្រិនខ្មែរ។ កម្មវិធីរៀបចំផ្សព្វផ្សាយផលិតផល ដោយសហគ្រិន ជាសក្ខីភាពបង្ហាញពីការសហការរវាងរដ្ឋ និងឯកជន, ព្រមទាំងជាពិសេសការភ្ជាប់ទីផ្សារ រវាង​ក្រុមហ៊ុនអន្ដរជាតិ និងសហគ្រាសធុនតូច និងមធ្យម ក្នុងការបង្កើតទំនាក់ទំនងធុរកិច្ចដ៏រឹងមាំ សម្រាប់អនាគតយូរអង្វែង។”

លោក ស៊ិន ពិសី អគ្គនាយក ក្រុមហ៊ុន អ៉ីអន (ខេមបូឌា) បានមានប្រសាសន៌ថា៖ “ពិព័រណ៍នេះទទួលបាន ការគាំទ្រយ៉ាងខ្លាំងពីអតិថិជនទាំងក្នុងស្រុក និងជនបរទេសជាច្រើន ដោយគិតចាប់តាំងពីឆ្នាំ២០២១មកនេះ ជាលើកទី៩ហើយ ដែលផ្សារទំនើបអុីអនបានសហការជាមួយសហគ្រិនខ្មែរក្នុងការរៀបចំពិព័រណ៍ផលិតផលក្នុង ស្រុក ហើយឆ្នាំនេះផងដែរ ផ្សារទំនើបអ៉ីអនបានពង្រីកការដាក់តាំងលក់ឱ្យកាន់តែធំ និងច្រើនជាងឆ្នាំមុនៗ ទៅទៀត  នៅក្នុងផ្សារទាំង៣សាខារបស់យើង។”

សូមកុំភ្លេចចូលរួមគាំទ្រផលិតផលក្នុងស្រុកជាច្រើន ដែលបំពេញតាមស្តង់ដារ, គុណភាព និងសុវត្ថិភាព មានដូចជា គ្រឿងទេស, របស់ប្រើប្រាស់ប្រចាំថ្ងៃ, បន្លែស្រស់, ទឹកដោះគោ, អង្ករ និងវត្ថុអនុស្សាវរីយ៍ជាច្រើនទៀត។ លើសពី នេះអ្នកនឹងទទួលបានការបញ្ចុះតម្លៃលើទំនិញជាច្រើនមុខ និងឪកាសឈ្នះរង្វាន់ សម្រាប់រាល់ការបញ្ជាទិញចាប់ពី $១៥ ឡើងទៅ។

For other information, please visit our page:

Facebook: AEON Retail Cambodia

Instagram: aeon_retail_cambodia

Telegram: AEON Retail Cambodia

TikTok: AEON Retail Cambodia

YouTube: AEON Retail Cambodia