AEON 1% Club Foundation បានរៀបចំកម្មវិធីប្រកួតប្រជែងនិយាយភាសាជប៉ុន AEON ជាលើកដំបូងក្នុងប្រទេសកម្ពុជា

នៅថ្ងៃទី 5 ខែធ្នូ ឆ្នាំ 2024 មូលនិធិ AEON 1% Club Foundation បានប្រារព្ធព្រឹត្តិការណ៍ដ៏សំខាន់មួយ ដោយរៀបចំកម្មវិធីប្រកួតប្រជែងនិយាយភាសាជប៉ុន AEON លើកដំបូងបង្អស់ក្នុងប្រទេសកម្ពុជា ដែលបានធ្វើឡើងនៅផ្សារទំនើបអ៊ីអនម៉ល សែនសុខស៊ីធី។ ក្នុងនោះ និស្សិតដែលសិក្សាភាសាជប៉ុនចំនួនប្រាំនាក់ត្រូវបានជ្រើសរើសមកពីសាកលវិទ្យាល័យចំនួនពីរ គឺមួយមកពីនាយកដ្ឋានភាសាជប៉ុន ម្នាក់ទៀតមកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE)។

កម្មវិធីប្រកួតប្រជែងនិយាយភាសាជប៉ុននេះបានចាប់ផ្ដើមចាប់តាំងពីឆ្នាំ ២០១៥មក ដែលជាផ្នែកមួយនៃកម្មវិធីអាហារូបករណ៍ AEON។ កម្មវិធីនេះត្រូវបានប្រារព្ធឡើងនៅក្នុងប្រទេសចិនមុនគេ ហើយឥឡូវនេះបានពង្រីកទៅកាន់ប្រទេសអាស៊ីផ្សេងទៀតដូចជា ឥណ្ឌូនេស៊ី វៀតណាម ថៃ ម៉ាឡេស៊ី និងឥឡូវនេះកម្ពុជា ដើម្បីគាំទ្រនិស្សិតសាកលវិទ្យាល័យនៅអាស៊ី ដែលមានគោលបំណងជាអ្នកផ្សារភ្ជាប់ រវាងវប្បធម៍ប្រទេសជប៉ុន និងប្រទេសកំណើតរបស់ខ្លួន និងដើរតួយ៉ាងសកម្មនៅក្នុងពិភពលោកនាពេលអនាគត។

គោលដៅចម្បងនៃការប្រកួតនិយាយភាសាជប៉ុនគឺដើម្បីលើកកម្ពស់ការយល់ដឹងគ្នាទៅវិញទៅមក និងការអភិវឌ្ឍមិត្តភាពក្នុងចំណោមប្រជាជាតិនានា។ តាម​រយៈ​ការ​ប្រកួត​នេះ យើង​បាន​ជ្រើសរើស​អ្នក​ឈ្នះ​ចំនួន​ពីរ​នាក់​ក្នុង​ចំណោម​សិស្ស​ចំនួន​ប្រាំ​នាក់។ ម្ចាស់ជ័យលាភីលេខ១ និងលេខ២ នឹងមានឱកាសបន្តទៅចូលរួមការប្រកួតផ្សេងៗទៀតនៅប្រទេសជប៉ុនក្នុងខែកុម្ភៈឆ្នាំក្រោយ។

ពិធីប្រគល់អាហារូបករណ៍ AEON តាមរយៈមូលនិធិ AEON 1% Club Foundation

នៅថ្ងៃទី 5 ខែធ្នូ ឆ្នាំ 2024 មូលនិធិ AEON 1% Club Foundation បានរៀបចំពិធីប្រគល់អាហារូបករណ៍ AEON ដល់សាកលវិទ្យាល័យចំនួន 2 រួមមានដូចជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) និងមួយទៀតមកពីសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) នៅផ្សារទំនើប Aeon Mall Sen Sok City។ 

អាហារូបករណ៍នេះត្រូវចាប់ផ្ដើមមកតាំងពីឆ្នាំ 2013 ហើយបានផ្តល់អាហារូបករណ៍ដល់សិស្សចំនួន 221 នាក់នៅក្នុងប្រទេសកម្ពុជារហូតមកដល់បច្ចុប្បន្ន។

កម្មវិធីអាហារូបករណ៍ AEON គាំទ្រនិស្សិតសាកលវិទ្យាល័យនៅអាស៊ី ដែលមានគោលបំណងជាអ្នកផ្សារភ្ជាប់រវាងវប្បធម៍ប្រទេសជប៉ុននិងប្រទេសកំណើតរបស់ខ្លួននិងដើរតួយ៉ាងសកម្មនៅក្នុងពិភពលោកនាពេលអនាគត។

យុទ្ធនាការទឹកសុវត្ថិភាពរបស់អ៉ីអន យូនីសេហ្វ ២០២៤

កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០២៤ កន្លងទៅនេះ ផ្សារទំនើបអ៉ីអន បានប្រារព្ធយុទ្ធនាការទឹកសុវត្ថិភាពដោយមានការសហការរវាង អ៉ីអន ជាមួយអង្គការ យូនីសេហ្វ នៅផ្សារទំនើបអ៉ីអន សែនសុខ ស៉ីធី ក្រោមអធិបតេយ្យភាព ឯកឧត្តម Atsushi Ueno ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា រួមជាមួយភ្ញៀវកិត្តិយសជាច្រើនផ្សេងទៀតដូចជា៖

  • លោក ភា ស៉ីណាត ប្រធានការិយាល័យបច្ចេកទេសនៃអគ្គនាយកដ្ឋានកិច្ចការទូទៅទឹកស្អាតសម្រាប់បរិភោគនៃក្រសួង ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។
  • លោក លឹម មីន នាយកប្រតិបត្តិសមាគមផ្គត់ផ្គង់ទឹកនៅប្រទេសកម្ពុជា។
  • លោក វីល ផាក (Mr. Will Park) ប្រធានកិត្តិយស អង្គការ (UNICEF) ប្រចាំនៅប្រទេសកម្ពុជា។

ចាប់តាំងពីឆ្នាំ ២០១០ មក ពួកយើងបានអនុវត្តន៍យុទ្ធនាការ ទឹកស្អាត អ៉ីអន យូនីសេហ្វ ដែលពាក់ព័ន្ធនឹងការដំឡើងបរិក្ខារផ្គត់ផ្គង់ទឹក ដោយមានការសហការជាមួយអង្គការ UNICEF ក្នុងគោលបំណងផ្សព្វផ្សាយអំពីការជួយវិស័យអប់រំ និងសុខភាព ហើយបានបរិច្ចាគអំណោយដែលទទួលបានពីទូទាំងប្រទេសជប៉ុន និងការបរិច្ចាគពីមូលនិធិនេះតាមរយៈគណៈកម្មាធិការជប៉ុនយូនីសេហ្វ

ក្នុងការប្រារព្ធយុទ្ធនាការខាងលើនេះលោក ម៉ូរី ជាប្រធានក្លឹប Aeon 1% បានថ្លែងថា៖

នៅក្នុងឆ្នាំនេះ យើងបានរៀបចំសកម្មភាពរៃអង្គាសប្រាក់នៅតាមហាង Aeon Group នៅទូទាំងប្រទេសជប៉ុន ហើយប្រាក់រៃអង្គាសដែលទទួលបានពីអតិថិជនមានចំនួនសរុបប្រហែល $150,000 (មួយសែន ប្រាំម៉ឺនដុល្លារ) ហើយ ក្លឹប Aeon 1% ក៏បានបរិច្ចាកចំនួនទឹកប្រាក់នេះជាមួយនឹងចំនួនដូចគ្នាផងដែរ។ លើសពីនេះទៅទៀត អង្គការយូនីសេហ្វជប៉ុនក៏បានបរិច្ចាក ទឹកប្រាក់សរុបប្រមាណស្មើគ្នានឹងចំនួនទឹកប្រាក់ ដែលបានរៃអង្គាសប្រាក់នៅតាមហាង Aeon Group នៅទូទាំងប្រទេសជប៉ុន និងក្លឹប Aeon 1% ដែលមានចំនួនទឹកប្រាក់សរុប $600,000 (ប្រាំមួយសែនដុល្លារ) ដើម្បីជួយដំឡើង និងពង្រីកបរិក្ខារផ្គត់ផ្គង់ទឹក បើគិតតាំងពីឆ្នាំ ២០១០មក ទឹកប្រាក់ដែលបានមកពីការរៃអង្គាសនេះសរុបគឺប្រហែល 3.5លានដុល្លារ។

ហើយសម្រាប់ប្រទេសកម្ពុជា Aeon Group បានអនុវត្តន៍គម្រោងសាងសង់សាលារៀនតាំងពីឆ្នាំ ២០០០ ដើម្បីផ្តល់កន្លែងសិក្សាដល់កុមារ ហើយបានសាងសង់សាលារៀនបានចំនួន ១៥១ ខ្នង ហើយបានផ្ដល់អាហារូបករណ៌ដល់និស្សិតសាកលវិទ្យាល័យកម្ពុជាចំនួន ២២១ នាក់ ដែលក្នុងនោះ សិស្សនិស្សិត មួយចំនួនបានចូលរួមក្នុងកម្មវិធី “អ្នកដឹកនាំយុវជនអាស៉ី ដែលជាកម្មវិធី ជំរុញដល់ការបណ្ដុះបណ្ដាលដល់អ្នកដឹកនាំវ័យក្មេងនៅអាស៉ីជាលក្ខណៈអន្តរជាតិ”។

គូសបញ្ជាក់ឲ្យដឹងផងដែរថា អ៉ីអន​ គ្រុប បានចាប់ផ្ដើមអាជីវកម្មផ្សារទំនើបអ៉ីអនម៉លភ្នំពេញក្នុងឆ្នាំ ២០១៤ ហើយផ្សារទំនើបចំនួន ៣ កំពុងបើកដំណើរការ។ អ៉ីអន​ គ្រុប បានបង្កើតអ៉ីអន ១% ក្លឹបឡើងក្នុងឆ្នាំ ១៩៩០ ដោយយកប្រាក់ចំណេញ ១% ដែលទទួលបានពីអតិថិជនដែលប្រើប្រាស់ អ៉ីអន គ្រុប ដើម្បីគាំទ្រលើសកម្មភាពវិភាគទានសង្គម ដោយផ្អែកលើសរស្តម្ភទាំង ៣រួមមាន៖ “ការចិញ្ចឹមបីបាច់ថែរក្សាសុខភាពកុមារ” “ការកសាងមិត្តភាពជាមួយប្រទេសផ្សេងៗ” និង “ការរួមចំណែកក្នុងការអភិវឌ្ឍន៍មូលដ្ឋាន” ។

Aeon 1% Club នឹងបន្តធ្វើការឆ្ពោះទៅអនាគតដែលពោរពេញដោយស្នាមញញឹមសម្រាប់ក្មេងៗជំនាន់ក្រោយ។

យុទ្ធនាការទឹកសុវត្ថិភាព អ៊ីអនយូនីសេហ្វ

ផ្សារទំនើប អ៊ីអន បានធ្វើពិធីប្រគល់អំណោយជាទឹកប្រាក់ជាង ៨ពាន់ដុល្លារ ទៅអង្គការសមាគមន៍ក្នុងស្រុក ដែលបានមកពីយុទ្ធនាការវិក្កយបត្រពណ៌លឿងរបស់ខ្លួនក្នុងឆ្នាំ២០២៣

ផ្សារទំនើប អ៊ីអន បានធ្វើពិធីប្រគល់អំណោយជាទឹកប្រាក់ជាង ៨ពាន់ដុល្លារ ទៅអង្គការសមាគមន៍ក្នុងស្រុក ដែលបានមកពីយុទ្ធនាការវិក្កយបត្រពណ៌លឿងរបស់ខ្លួនក្នុងឆ្នាំ២០២៣ ដោយឡែកសម្រាប់ចំនួនទឹកប្រាក់សរុបដែលបានប្រគល់តាំងពីឆ្នាំ២០១៦ រហូតមកដល់ឆ្នាំ២០២៣នេះគិតជាអំណោយដែលបានផ្តល់ស្មើរនឹងទឹកប្រាក់ចំនួន៤៣,៩៨០ដុល្លារ។

យុទ្ធនាការវិក្កយបត្រពណ៌លឿងនេះ មានគោលបំណងបង្កើនការចូលរួមរបស់អតិថិជនក្នុងកិច្ចការសប្បុរសធ៌ម និងបណ្ដុះនូវវប្បធ៌មនៃការចែករំលែកនៅក្នុងសង្គម។ 

គួររំលឹកផងដែរថា យុទ្ធនាការវិក្កយបត្រពណ៌លឿង របស់ផ្សារទំនើប AEON ត្រូវបានធ្វើទ្បើងជារៀងរាល់ថ្ងៃទី១១ នៃខែនីមួយៗ។ 

អតិថិជនដែលអញ្ជើញមកជាវទំនិញនៅក្នុងផ្សារទំនើប AEON នៅថ្ងៃទី១១ នឹងទទួលបានវិក្កយបត្រពណ៌លឿង បន្ទាប់មកអតិថិជនអាចយកវិក្កយបត្រនោះទៅដាក់ក្នុងប្រអប់ យុទ្ធនាការវិក្កយបត្រពណ៌លឿងដែលមានឈ្មោះអង្គការដែលខ្លួនពេញចិត្ត នៅជិតបញ្ជរសេវាអតិថិជន។

ផ្សារទំនើប AEON នឹងឧបត្ថម្ភ ១% នៃទឹកប្រាក់សរុបដែលអតិថិជនបានជាវ ឲ្យទៅអង្គការ សមាគមន៍នៅក្នុងស្រុកទៅតាមចំនួនវិក្កយបត្រជាក់ស្ដែង។

លោក ស៊ីន ពិសី អគ្គនាយកគ្រប់គ្រងក្រុមហ៊ុនអ៉ីអន ខេមបូឌា

កម្មវិធីនេះធ្វើទ្បើងកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ដោយមានការចូលរួមពីអង្គការសមាគមន៍ទាំង ២០ រួមមាន៖

  1. អង្គការ ក្ដីសង្ឃឹមនៃកុមារ (Hope of Children)
  2. មជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុន (Japan Heart)
  3. អង្គការស្នាមញញឹមកម្ពុជា (Smile Cambodia)
  4. សមាគមន៏អភិវឌ្ឍន៏គ្រួសារពលី និង​កុមារកំព្រា (Sacrifice Families and Orphans Development Association) 
  5. អង្គការ មិត្តសំឡាញ់ (Mith Samlanh)
  6. មូលនិធិគាំទ្រការអប់រំអន្ដរជាតិកម្ពុជា (Cambodia International Education Support Foundation)
  7. អង្គការ មូលនិធិកុមារ និងនិស្សិតកម្ពុជា (Cambodian students and Childern Fund)
  8. អង្គការ មូលនិធិកុមារកម្ពុជា (Cambodia Children’s Fund)
  9. អង្គការ ប៉ាសឺរ៉ែល នុយមេរិក កម្ពុជា (Passerelles Numeriques Cambodia)
  10. អង្គការ ហ្រ្វេន្សអ៊ីនធឺណាសិនណល (Friend International)
  11. អង្គការ ធម្មជាតិសង្រ្គោះកម្ពុជា (Nature Saves Cambodia)
  12. អង្គការ នាំអនាគតទៅមុខ (Pay It Forward)
  13. អង្គការ បំបាត់ការឈឺចាប់គ្មានព្រំដែន (Douleurs Sans Frontier’s Organization)
  14. អង្គការ ពន្លឺអនាគត (Future Light Organization)
  15. អង្គការ អិនភីអូ សុបិន្ត​ស្រ្តី ប្រូជីក (NPO Dream Girl)
  16. អង្គការ ស៊ីប៉ា (Sipar)
  17. អង្គការ​ អ៊ី ណូដូ ( IL Nodo International Organization)
  18. សាលាបច្ចេកទេស ដុន បូស្កូ ភ្នំពេញ (Don Bosco Technical School Phnom Penh)
  19. អង្គការ ចិត្ដសង្គមអន្ដរវប្បធម៌ (Transcultural Psychosocial Organization)
  20. វិថីឆ្ពោះទៅកាន់សាលារៀន (Andong Center Street to School)

គួរបញ្ជាក់ផងដែរថា យុទ្ធនាការវិក្កយបត្រពណ៌លឿងបានចាប់ផ្ដើមដំបូងនៅឆ្នាំ ២០១៦ ជាមួយអង្គការតែ ៧ប៉ុណ្ណោះ ហើយរហូតដល់ពេលបច្ចុប្បន្ន យើងបានធ្វើការសហការ និងផ្ដល់អំណោយ ដែលបានមកពីយុទ្ធនាការនេះ ដល់អង្គការផ្សេងៗគ្នាចំនួនរហូតដល់ ២០ អង្គការ។

សម្រាប់ឆ្នាំថ្មី២០២៤នេះផងដែរ AEON បានជ្រើសរើស និងប្រកាសអង្គការថ្មីចំនួន ២​ ទៀតដែលនឹងចូលរួមក្នុងយុទ្ធនាការវិក្កយបត្រពណ៌លឿង ឆ្នាំ២០២៤។

1. Ms. Véronique Puccio, From Taramana Magdalena Center

2. Ms. Yoneyama Haruka, From Heard of Gold

យុទ្ធនាការនេះ មានលក្ខណៈសមស្របទៅតាម គោលការណ៍របស់ អ៊ីអន ដែលមិនត្រឹមតែគិតគូរ ពីជំនួញរបស់ខ្លួនទេ តែថែមទាំងយកចិត្តទុកដាក់ខ្ពស់ក្នុងការចូលរួម និងកាត់បន្ថយបញ្ហាសង្គមនានា ផងដែរ។ តាមរយៈយុទ្ធនាការនេះ អ៊ីអន នឹងចូលរួមចំណែកក្នុងកិច្ចការសង្គមកាន់តែច្រើនជាងមុន ទាំងនៅពេលបច្ចុប្បន្ន និងពេលអនាគត ទន្ទឹមនឹងការរីកចម្រើននៃអាជីវកម្មរបស់ខ្លួន។

គាំទ្រយុទ្ធនាការវិក្កយបត្រពណ៌លឿង របស់ផ្សារទំនើប អ៊ីអន ដើម្បីសហគមន៍របស់យើងទាំងអស់គ្នា!

ដំណើរទស្សនៈកិច្ច របស់ ក្រុមហ៊ុន អ៊ីអនខេមបូឌា ខូ អិលធីឌី ទៅកាន់ អគារសិក្សា និង កន្លែងដាំដើមឈើនៅឧទ្យានសួនសត្វភ្នំតាម៉ៅ ក្នុងខេត្តតាកែវ 

ដំណើរទស្សនៈកិច្ច របស់គណៈគ្រប់គ្រង និងបុគ្គលិក ក្រុមហ៊ុន អ៊ីអនខេមបូឌា ខូ អិលធីឌី ទៅកាន់ អគារសិក្សា តាមរយៈកម្មវិធីសប្បុរសធម៌ AEON 1% Club Foundation និងកន្លែងដាំដើមឈើនៅឧទ្យានសួនសត្វភ្នំតាម៉ៅ ក្នុងខេត្តតាកែវ​។ ​

aeon-cambodia-visited-program
aeon-cambodia-visited-program1

នាព្រឹកថ្ងៃទី២១​ ខែតុលា ឆ្នាំ២០២៣ គណៈគ្រប់គ្រង និងបុគ្គលិករបស់ ក្រុមហ៊ុន អ៊ីអនខេមបូឌា ខូ អិលធីឌី បានចុះទស្សនៈកិច្ច អគារសិក្សា១ខ្នង ដែលមាន ៥បន្ទប់​  ស្ថិតក្នុងអនុវិទ្យាល័យគិតម៉េង ប្រាសាទ ស្រុកបាទី ខេត្តតាកែវ ​តាមរយៈកម្មវិធីសប្បុរសធម៌ (AEON 1% Club Foundation) ដោយនាំយកនូវសម្ភារៈសិក្សា​ និងកាដូរលើកចិត្តមួយចំនួនជូនដល់សិស្សានុសិស្សចំនួន ៨០០នាក់ និង លោកគ្រូ អ្នកគ្រូចំនួន ៣៥នាក់។​​ លើសពីនេះទៅទៀត​គណៈគ្រប់គ្រង និងបុគ្គលិករបស់ក្រុមហ៊ុន អ៊ីអនខេមបូឌា ខូ អិលធីឌី ក៏បានបង្កើតសកម្មភាពសប្បាយជាមួយសិស្សនុសិស្ស ដូចជាកម្មវិធីបង្រៀនបត់ក្រដាស (Origami) តាមបែបជប៉ុន និងបង្រៀនពាក្យជាភាសាជប៉ុនមួយចំនួនផងដែរ។

aeon-cambodia-visited-program2
aeon-cambodia-visited-program3
aeon-cambodia-visited-program4
aeon-cambodia-visited-program5

ឆ្លៀតក្នុងឱកាសនោះផងដែរ គណៈគ្រប់គ្រង និង បុគ្គលិករបស់ ក្រុមហ៊ុន អ៊ីអនខេមបូឌា ខូ អិលធីឌី ក៏បានចុះត្រួតពិនិត្យ កន្លែងដាំដើមឈើនៅឧទ្យានសួនសត្វភ្នំតាម៉ៅ ដែលក្រុមហ៊ុនបានឧបត្ថម្ភនាពេលកន្លងមក ចាប់តាំងពីឆ្នាំ២០១៥ ​ដល់ ឆ្នាំ២០១៧ ប្រមាណជា​ ២១០០០ ដើម។

aeon-cambodia-visited-program6
aeon-cambodia-visited-program7

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន អ៊ីអនខេមបូឌា ខូ អិលធីឌី បានចូលរួមឧបត្ថម្ភអគារសិក្សា ក៏ដូចសម្មភាពសប្បុរសធម៌ផ្សេងៗជាច្រើនទៀតនៅក្នុងប្រទេសកម្ពុជា​ និងតំបន់អាស៊ីអាគ្នេយន៍ ដូចជា សាងសង់អគារសិក្សា ដាំកូនឈើ សាងសង់សារៈមន្ទីរនៅខេត្តសៀមរាប​(នរោត្តមសីហនុ អង្គរ) មជ្ឈមណ្ឌលជនពិការ (នៅបាត់ដំបង) ផ្តល់អាហាររូបករណ៍ដល់និស្សិត ជីកអណ្តូងទឹកស្អាត Teenage Ambassador យុទ្ធនាការវិក័យបត្រ័ពណ៌លឿង Clean & Green Day, Food Bank។ អគារសិក្សាដែលស្ថិតនៅក្នុងខេត្តតាកែវនេះ ជាអគារសិក្សា ទី១៥១ ដែល AEON 1% Club Foundation បានឧបត្ថម្ភនៅក្នុងប្រទេសកម្ពុជា។​ ការចូលរួម សម្មភាពសប្បុរសធម៌ និងសកម្មភាពសង្គម​ផ្សេងៗរបស់ ក្រុមហ៊ុន អ៊ីអនខេមបូឌា ខូ អិលធីឌី គឺដើម្បីចូលរួមចំណែកលើកកំពស់ការអភិវឌ្ឍន៍សង្គម និងធនធានមនុស្ស ក្នុងប្រទេសកម្ពុជាទាំងមូល។

aeon-cambodia-visited-program8
aeon-cambodia-visited-program9
aeon-cambodia-visited-program10

ក្រុមហ៊ុន អ៊ីអនខេមបូឌា ខូ អិលធីឌី បានបើកដំណើរការអាជីវកម្មរបស់ខ្លួនក្នុងប្រទេសកម្ពុជាតាំងពីខែកក្កដា ឆ្នាំ២០១៤ ក្នុងនាមជាក្រុមហ៊ុនលក់រាយធំជាងគេមួយក្នុងចំណោមក្រុមហ៊ុនលក់រាយជាច្រើនទៀត។ ស្ថិតនៅក្រោមបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ៊ីអន គ្រុប ដែលមានមូលដ្ឋាននៅប្រទេសជប៉ុន ក្រុមហ៊ុន អ៊ីអនខេមបូឌា ខូ អិលធីឌី ប្ដេជា្ញយក “អតិថិជនជាចម្បង” និងមានគោលការណ៍មូលដ្ឋានរបស់ខ្លួនដើម្បីសម្រេចបាននូវភាពសុខដុមរម្យនា ស្ថេរភាព និងសន្តិភាពក្នុងសង្គម តាមរយៈអាជីវកម្មរបស់ខ្លួន។

ក្រុមហ៊ុន អ៊ីអនខេមបូឌា ខូ អិលធីឌី ទទួលបាននូវការជឿទុកចិត្តយ៉ាងខ្លាំងពីសំណាក់អតិថិជន និងបានពង្រីករិសាលភាពអាជីវកម្មរបស់ខ្លួនលើជំនួញជាច្រើនដូចជា៖ ហាងលក់ទំនិញទូទៅ ផ្សារទំនើប ហាងលក់ទំនិញខ្នាតតូច (អ៊ីអន ម៉េកវែលយូ) និងអាជីវកម្មអនទ្បាញ (អ៊ីអន អនទ្បាញ) ហាងឯកទេសអ៊ីអននិងយីហោផ្ដាច់មុខរបស់អ៊ីអន (ហូមខរឌី ហាង IC Inner casual ហាង Kids Republicឱសថស្ថាន អ៊ីអន ហាងកង់អ៊ីអន ហាងនំបុ័ងអ៊ីអន ហាងលក់សម្ភារៈ DAISO Japanនិងផលិតផលម៉ាក ថប់វែលយូ) ដែលផ្ដល់នូវទំនិញច្រើនជាង ១០០០០​ មុខរាប់ចាប់ពី ម្ហូបអាហារ សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ សម្លៀកបំពាក់ សម្ភារៈប្រើប្រាស់ក្នុងផ្ទះ (រួមមានសម្ភារៈបន្ទប់គេង និងសម្ភារៈបន្ទប់ទឹក) សម្ភារៈកីទ្បា ថ្នាំពេទ្យ និងគ្រឿងសម្អាងជាដើម។


លោកអ្នកក៏អាចធ្វើការបញ្ជាទិញជាមួយ អ៊ីអន អនទ្បាញ តាមរយៈ

គេហទំព័រ www.aeononlineshopping.com ឬ ទាញយកកម្មវិធី AEON Online Mobile App

សម្រាប់ព័ត៌មានបន្ថែម:
Facebook: AEON Retail Cambodia
Telegram: AEON Retail Cambodia
Instagram: aeon_retail_cambodia
YouTube: AEON Retail Cambodia

ក្រុមហ៊ុនអុីអន ខេមបូឌា ចូលរួមកម្មវិធីដាំដើមឈើរៀបចំដោយក្រុមហ៊ុនអុីអនម៉ល ខេមបូឌា ក្រោមប្រធានបទ “AEON Hometown Forests”

នៅព្រឹកថ្ងៃសៅរិ៍ទី០៨ ខែតុលា ឆ្នាំ២០២២ គណៈគ្រប់គ្រងក្រុមហ៊ុនអុីអន ខេមបូឌា បានចូលរួមកម្មវិធីដាំដើមឈើ ដែលរៀបចំទ្បើងដោយក្រុមហ៊ុនអុីអនម៉ល ខេមបូឌា​ ក្រោមប្រធានបទ “AEON Hometown Forests” មុនពេលការបើកដំណើរការផ្សារទំនើបអុីអនម៉លមានជ័យ ដែលជាផ្សារទំនើបទី៣ និងធំជាងគេមួយក្នុងប្រទេសកម្ពុជា។

កម្មវិធីដាំដើមឈើនេះមានគោលបំណងធ្វើឲ្យផ្សារទំនើបដែលបើកថ្មីពោពេញដោយធម្មជាតិពណ៌បែតង និងដើម្បីផ្សារភ្ជាប់ជាមួយសហគមន៍ក្នុងតំបន់ ដើម្បីបណ្ដុះគំនិតថែរក្សា និងស្រលាញ់បរិស្ថានទៅកាន់ប្រជាជនរស់នៅជុំវិញ ក៏ដូចជាពិភពលោកទាំងមូល។

កម្មវិធីនេះមានការចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្ដម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូត វិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា លោក ត្ស៊ុបូយ៉ា ម៉ាសាយុគិ អគ្គនាយក ក្រុមហ៊ុន អុីអន ម៉ល (ខេមបូឌា) ខូអិលធីឌី គណៈគ្រប់គ្រងក្រុមហ៊ុនអុីអន (ខេមបូឌា)​ ខូអិលធីឌី ភ្ញៀវកិត្តិយសមកពីបណ្ដាក្រុមហ៊ុនដៃគូសហការ ប្រជាពលរដ្ឋក្នុងតំបន់ និងសិស្សានុសិស្ស សរុបច្រើនជាង១០០០នាក់។ ​ក្នុងឱកាសនេះផងដែរ ដើមឈើជាង៨០០០ ដើម ដែលមានពូជផ្សេងៗចំនួន១៣ ប្រភេទនៅក្នុងតំបន់ ដូចជា៖ Crinum Lily, Spider Lily, Western Sword Fern និងប្រភេទផ្សេងៗទៀតត្រូវបានដាំនៅថ្ងៃតែមួយនេះ។

ក្នុងនាមជាក្រុមហ៊ុនមួយក្នុងចំណោមបុត្រសម្ព័ន្ធរបស់អុីអនគ្រុប ក្រុមហ៊ុនអុីអន (ខេមបូឌា) ខូអិលធីឌី គាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធនាការបរិស្ថាននានាដែលផ្សារភ្ជាប់ជាមួយកម្មវិធីមូលនិធិបរិស្ថានរបស់ខ្លួន។ ក្រៅពីសកម្មភាពដាំដើមឈើ ក្រុមអុីអន ខេមបូឌា តែងតែរៀបចំកម្មវិធីបរិស្ថាន Clean & Green Day របស់ខ្លួនជាប្រចាំជារៀងរាល់ខែ ដោយអនុញ្ញាតឲ្យបុគ្គលិក​ ក៏ដូចជាប្រជាពលរដ្ឋនៅជុំវិញចូលរួមសកម្មភាពសម្អាតបរិស្ថាននៅជុំវិញហាងរបស់ខ្លួន។

*****

អំពីកម្មវិធី AEON Hometown Forests

ការបង្កើតបរិស្ថានដោយប្រើប្រាស់ “ដើមឈើក្នុងស្រុក” ចាប់ផ្ដើមនៅផ្សារទំនើបម៉ាទ្បាកា របស់អុីអនម៉ាទ្បេស៊ី ក្នុងឆ្នាំ១៩៩១ ហើយវាត្រូវបានអនុវត្តនៅជប៉ុននៅសាខាហាង JUSCO Shin Hisai (Mie Prefecture) ក្នុងខែមេសា ឆ្នាំ១៩៩២។ ចំនួនដើមឈើសរុបដែលបានដាំកំទ្បុងពេលយុទ្ធនាការ “Hometown and Forest Creation” និងដោយមូលនិធិបរិស្ថានរបស់អុីអន មានរហូតដល់១០លានដើមគិតត្រឹមឆ្នាំ២០២៣ ខាងមុខ។

អង្គការក្នុងស្រុកចំនួន២៤ បានទទួលអំណោយពីយុទ្ធនាការវិក្កយបត្រពណ៌លឿងរបស់ផ្សារទំនើប AEON

ផ្សារទំនើប AEON បានប្រារព្ធពិធីប្រគល់អំណោយជាទឹកប្រាក់ជិត ៧ ពាន់ដុល្លារ ដល់អង្គការសមាគមន៍ក្នុងស្រុកចំនួន ២៤ ដែលបានមកពីយុទ្ធនាការវិក្កយបត្រពណ៌លឿងរបស់ខ្លួនក្នុងឆ្នាំ២០២១​ ។ កម្មវិធីនេះធ្វើទ្បើងកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ ដោយមានការចូលរួមពីអង្គការសមាគមន៍ទាំង ២៤ រួមមាន អង្គការ ធម្មជាតិសង្រ្គោះកម្ពុជា អង្គការ ប៉ាសឺរ៉ែល នុយមេរិក កម្ពុជា អង្គការ ស៊ីប៉ា អង្គការ មិត្តសំឡាញ់ អង្គការ មូលនិធិកុមារ និង និស្សិតកម្ពុជា  ​អង្គការ​ កុមារកម្ពុជា​ប្រឆាំង ទុរភិក្ស និង ​ហិង្សា សមាគមន៏អភិវឌ្ឍន៏គ្រួសារពលី និង​ កុមារកំព្រា  អង្គការ ក្ដីសង្ឃឹមនៃកុមារ អង្គការ នាំអនាគតទៅមុខ  ​អង្គការ ហ្រ្វេន្សអ៊ីនធឺណាសិនណល  អង្គការ​ បំបាត់ការឈឺចាប់គ្មានព្រំដែន មណ្ឌល កុមារដើម្បីសុភមង្គល អង្គការ ពន្លឺអនាគត អង្គការ អិនភីអូ សុបិន្ត​ស្រ្តី ប្រូជីក អង្គការ មូលនិធិកុមារកម្ពុជា មូលនិធិ ដុនបូស្កូ កម្ពុជា ​ អង្គការ ចិត្ដសង្គមអន្ដរវប្បធម៌ អង្គការ​ អ៊ី ណូដូ វិថីឆ្ពោះទៅកាន់សាលារៀន  មជ្ឈមណ្ឌលអាស៊ីសិក្សាស្រាវជ្រាវ និង បណ្ដុះបណ្ដាលធនធានមនុស្សនៃសកលវិឡាល័យសូហ្វីយ៉ា អង្គការ បណ្តុះបណ្តាលកុមារកំព្រា យុវជនពិការ និងស្រ្តីក្រីក្រ មជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុន អង្គការស្នាមញញឹមកម្ពុជា និងមូលនិធិគាំទ្រការអប់រំអន្តរជាតិកម្ពុជា។

គួររំលឹកផងដែរថា យុទ្ធនាការវិក្កយបត្រពណ៌លឿង របស់ផ្សារទំនើប AEON ត្រូវបានធ្វើទ្បើងជារៀងរាល់ថ្ងៃទី១១ នៃខែនីមួយៗ។ អតិថិជនដែលអញ្ជើញមកជាវទំនិញនៅក្នុងផ្សារទំនើប AEON នៅថ្ងៃទី១១ នឹងទទួលបានវិក្កយបត្រពណ៌លឿង បន្ទាប់មកអតិថិជនអាចយកវិក្កយបត្រនោះទៅដាក់ក្នុងប្រអប់ យុទ្ធនាការវិក្កយបត្រពណ៌លឿងដែលមានឈ្មោះអង្គការដែលខ្លួនពេញចិត្ត នៅជិតបញ្ជរសេវាអតិថិជន។ ផ្សារទំនើប AEON នឹងឧបត្ថម្ភ ១% នៃទឹកប្រាក់សរុបដែលអតិថិជនបានជាវ ឲ្យទៅអង្គការ សមាគមន៍នៅក្នុងស្រុកទៅតាមចំនួនវិក្កយបត្រជាក់ស្ដែង។

លោក Seko Tsugutoshi នាយកគ្រប់គ្រងក្រុមហ៊ុនអ៉ីអន ខេមបូឌា បានមានប្រសាសន៍ថា៖ យុទ្ធនាការវិក្កយបត្រពណ៌លឿងនេះ មានគោលបំណងបង្កើនការចូលរួមរបស់អតិថិជនក្នុងកិច្ចការសប្បុរសធ៌ម និងបណ្ដុះនូវវប្បធ៌មនៃការចែករំលែកនៅក្នុងសង្គម។ លោកក៏បានគូសបញ្ជាក់ផងដែរថា យុទ្ធនាការវិក្កយបត្រពណ៌លឿងបានចាប់ផ្ដើមដំបូងនៅឆ្នាំ ២០១៦ ជាមួយអង្គការតែ ៧ប៉ុណ្ណោះ ហើយរហូតដល់ពេលបច្ចុប្បន្ន យើងបានធ្វើការសហការ និងផ្ដល់អំណោយ ដែលបានមកពីយុទ្ធនាការនេះ ដល់អង្គការផ្សេងៗគ្នាចំនួនរហូតដល់ ២៤ អង្គការ។ យុទ្ធនាការនេះ មានលក្ខណៈសមស្របទៅតាម គោលការណ៍របស់ អ៉ីអន ដែលមិនត្រឹមតែគិតគូរ ពីជំនួញរបស់ខ្លួនទេ តែថែមទាំងយកចិត្តទុកដាក់ខ្ពស់ក្នុងការចូលរួម និងកាត់បន្ថយបញ្ហាសង្គមនានា ផងដែរ។ លោកសង្ឃឹមយ៉ាងមុតមាំថា តាមរយៈយុទ្ធនាការនេះ អ៉ីអន នឹងចូលរួមចំណែកក្នុងកិច្ចការសង្គមកាន់តែច្រើនជាងមុន ទាំងនៅពេលបច្ចុប្បន្ន និងពេលអនាគត ទន្ទឹមនឹងការរីកចម្រើននៃមុខជំនួញរបស់ខ្លួន។

លោក Seko Tsugutoshi នាយកគ្រប់គ្រងក្រុមហ៊ុនអ៉ីអន ខេមបូឌា

លោក​ ភួង តុលា តំណាងអង្គការមិត្តសំឡាញ់ បានលើកទ្បើងផងដែរថា អង្គការមិត្តសំទ្បាញ់បានចូលរួមជាមួយយុទ្ធនាការវិកយបត្រពណ៌លឿងរបស់ផ្សារទំនើបអ៉ីអន អស់រយៈពេល៦ឆ្នាំកន្លងមកហើយ ពោលគឺចាប់តាំងពីយុទ្ធនាការនេះបង្កើតទ្បើងដំបូង។ លោកក៏បានឆ្លៀតឱកាសនេះថ្លែងអំណរគុណដល់ ក្រុមហ៊ុនអ៉ីអន ខេមបូឌា ដែលបានយកចិត្តទុកដាក់ជួយគាំទ្រសកម្មភាពរបស់អង្គការមិត្តសំទ្បាញ់កន្លងមកក៏ដូចជាគាំទ្រលើការងារសង្គមរបស់វិស័យអាជីវកម្ម ដែលកិច្ចសហការនេះមិនអាចខ្វះបាន។

លោក​ ភួង តុលា តំណាងអង្គការមិត្តសំឡាញ់

គាំទ្រយុទ្ធនាការវិក្កយបត្រពណ៌លឿង របស់ផ្សារទំនើប អ៉ីអន ដើម្បីសហគមន៍របស់យើងទាំងអស់គ្នា!

ផ្សារទំនើបអ៉ីអន ប្រកាសដាក់ឲ្យប្រើប្រាស់ថង់ប្លាស្ទិកដែលអាចពុកផុយក្នុងបរិស្ថាន មុនដំបូងគេនៅកម្ពុជា

ដើម្បីចូលរួមចំណែកកាត់បន្ថយប្លាស្ទិក និងការពារបរិស្ថាន ក្រុមហ៊ុនអ៉ីអនខេមបូឌា បានធ្វើការផ្លាស់ប្តូរ និងសម្រេចដាក់អោយប្រើប្រាស់ថង់ប្លាស្ទិកដែលអាចពុកផុយទៅក្នុងបរិស្ថាននៅបញ្ជរបង់ប្រាក់ គ្រប់ទីតាំងផ្សារទំនើបអ៉ីអនទាំងអស់។

ថង់ប្លាស្ទិកដែលគិតទៅដល់បរិស្ថាននេះ គឺត្រូវបានផលិតឡើងផ្អែកទៅលើបច្ចេកវិទ្យាងាយពុកផុយហើយចុងក្រោយ វានឹងពុកផុយទៅក្នុងវត្តមាននៃអុកស៊ីសែន មីក្រូសរីរាង្គ សំណើម និងដី ជាពិសេសវាមានសុវត្ថិភាព និងអាចប្រើប្រាស់ទ្បើងវិញបានផងដែរ។ គួរបញ្ជាក់ផងដែរថា ផ្សារទំនើបអ៉ីអន ក៏នៅតែលើកទឹកចិត្ត និងអំពាវនាវដល់អតិថិជនដែលអញ្ជើញមកជាវទំនិញក្នុងផ្សារទំនើប អោយចូលរួមចំណែកការពារបរិស្ថានដោយប្រើប្រាស់ថង់បរិស្ថាន​ ក៏ដូចជាប្រើថង់ប្លាស្ទិកដែលអាចពុកផុយក្នុងបរិស្ថាននេះឡើងវិញ ដោយព្យាយាមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកអោយបានតិចបំផុតតាមតែអាចធ្វើទៅបាន ដើម្បីថែរក្សាការពារបរិស្ថានរបស់យើង។ ថង់ប្លាស្ទិកដែលអាចពុកផុយក្នុងបរិស្ថាននេះ នឹងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១១​ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ នៅផ្សារទំនើបអ៉ីអន ទាំង២ សាខា (ផ្សារទំនើបអ៉ីអន ភ្នំពេញ និងផ្សារទំនើបអ៉ីអន សែនសុខ ស៊ីធី) ព្រមទាំងគ្រប់សាខាទាំងអស់របស់ផ្សារទំនើប អ៉ីអន ម៉ាក់វ៉ាល់យូ ផងដែរ។

លោក Keiji Ono នាយកគ្រប់គ្រងទូទៅ ផ្សារទំនើបអ៉ីអន បានមានប្រសាសន៍ថា៖ បញ្ហាបរិស្ថាន ជាបញ្ហារបស់យើងទាំងអស់គ្នា ដែលទាមទារឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។ ដោយទ្បែកផ្សារទំនើប អ៉ីអន បាននឹងកំពុងចូលរួមយ៉ាងសកម្ម ក្នុងសកម្មភាពការពារបរិស្ថាន ជាក់ស្ដែងយុទ្ធនាការនៃការដាក់ឲ្យប្រើប្រាស់ថង់បរិស្ថាន ក៏ដូចជាថង់ប្លាស្ទិកដែលអាចពុកផុយក្នុងបរិស្ថាន ជាឧទាហណ៍ស្រាប់។ លោកបានបន្ថែមទៀតថា៖ តាមរយៈការដាក់ឲ្យប្រើប្រាស់ ថង់ប្លាស្ទិកដែលអាចពុកផុយក្នុងបរិស្ថាននេះ វានឹងដើរតួរយ៉ាងសំខាន់ក្នុងការបញ្ច្រៀបសារ ស្ដីពីបរិស្ថានទៅកាន់អតិថិជន និងសាធារណជនទូទៅ។​ លើសពីនេះ លោកក៏បានអំពាវនាវ និងលើកទឹកចិត្តដល់អតិថិជនដែលអញ្ជើញមកជាវទំនិញនៅផ្សារទំនើប អ៉ីអន ងាកមកប្រើប្រាស់ថង់បរិស្ថាន ឬថង់ប្លាស្ទិកដែលអាចពុកផុយក្នុងបរិស្ថាននេះជំនួសឲ្យការប្រើប្រាស់ថង់ប្លាស្ទិក ធម្មតាវិញ និងចូលរួមកាត់បន្ថយការប្រើប្រាស់ទាំងអស់គ្នា។

គួររំលឹកផងដែរថា ផ្សារទំនើបអ៉ីអន (ផ្សារលក់ទំនិញទូទៅ) ត្រូវបានបង្កើតទ្បើងដោយក្រុមហ៊ុន AEON (Cambodia)​ Co., Ltd ដែលកំពុងធ្វើប្រតិបត្តិការលក់នូវទំនិញជាច្រើនមុខរួមមាន៖ ទំនិញគ្រឿងទេស អាហារ សំលៀកបំពាក់ គ្រឿងអេទ្បិចត្រូនិក សំភារៈផ្ទះបាយ និងទំនិញជាច្រើនមុខទៀតនៅក្នុងផ្សារទំនើបអ៉ីអនម៉ល់ទាំង២សាខា។ លើសពីនេះទៀត ក្រុមហ៊ុន AEON Cambodia Co., Ltd ក៏បានបើកដំណើរការផ្សារទំនើបខ្នាតតូច AEON MaxValu ដែលរហូតដល់ពេលនេះមានចំនួនរហូតដល់ ១៥ សាខា ហាងឯកទេសសម្ភារៈប្រើប្រាស់ក្នុងផ្ទះ Home Coordy និងទំនិញជាច្រើនមុខទៀតដែលជាយីហោផ្ដាច់មុខរបស់ AEON (TOPVALU) ដើម្បីបំពេញតម្រូវការ ក៏ដូចជាលើកកំពស់គុណភាពរស់នៅរបស់ប្រជាជនក្នុងតំបន់។ អ្វីដែលកាន់តែពិសេស និងមានភាពងាយស្រួលនោះគឺ អតិថិជនក៏អាចបញ្ជាទិញទំនិញជាង ២០ ០០០ មុខតាមរយៈ អ៉ីអន អនទ្បាញផងដែរ៖ https://aeononlineshopping.com/

ចូលរួមចំណែកការពារបរិស្ថាន ដោយប្រើថង់បរិស្ថាន និងថង់ប្លាស្ទិកងាយពុកផុយក្នុងបរិស្ថានទាំងអស់គ្នា!